សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ជាស្ថាប័នឯកជនតែមួយគត់ តំណាងឱ្យវិស័យស្រូវឧស្សាហកម្មស្រូវអង្ករនៅកម្ពុជា ដែលប្រមូលផ្តុំអ្នកពាក់ព័ន្ធទាំងអស់ មកពីអ្នកផលិត អ្នកកិនកែច្នៃ អ្នកនាំចេញ និងអ្នកផ្តល់សេវាពាក់ព័ន្ធ។ ស្ថាប័នមួយនេះត្រូវបានបង្កើតឡើងតាមរយៈ ការបោះឆ្នោត ដោយសមាជិកស្ថាបនិក២១៣រូប នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ២២៨ អនប្រ.បក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ និងអនុក្រឹត្យលេខ១៧២ អនប្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
សហព័ន្ធស្រូវអង្ករកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ សម្រាប់វិស័យស្រូវអង្ករនៅកម្ពុជា ដែលស្ថិតក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម និងជាដៃគូរបស់រាជរដ្ឋាភិបាល ចូលរួមរាល់សកម្មភាពរបស់សហគមន៍ស្រូវអង្ករនៃបណ្តាប្រទេសអាស៊ាន ចូលរួមចរចារជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសនាំចូល រៀបចំសន្និសីទតាំងពិព័រណ៌ស្រូវ-អង្ករថ្នាក់ជាតិ និងអន្តរជាតិជាប្រចាំឆ្នាំ ព្រមទាំងចូលរួមក្នុងការងារផលិតពូជស្រូវសម្រាប់ចែកចាយជូនប្រជាកសិករ។
នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ និងការបោះឆ្នោតក្រុមប្រឹក្សាភិបាលអាណត្តិទី៣ ដោយជ្រើសរើសបានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ២៥រូប ដែលជាតំណាង មកពីអ្នកនាំចេញអង្ករ រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិករ។
១. ទស្សនៈវិស័យ
“ការអភិវឌ្ឍវិស័យស្រូវ-អង្ករ ប្រកប ដោយតម្លាភាព និងសីលធម៌»
២. បេសកម្ម
សហព័ន្ធស្រូវអង្ករកម្ពុជាបានប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការលើកកម្ពស់ផលិតភាព ដើម្បីធ្វើឲ្យប្រសើរឡើងនូវបច្ចេកទេស កសិកម្ម និងការកិនកែច្នៃអង្ករកម្ពុជា ការកាត់បន្ថយចំណាយថ្លៃដើមក្នុងដំណើរការនាំចេញ ការលើកកម្ពស់ក្រមប្រតិបត្តិមួយ ក្នុងក្របខណ្ឌនៃវិស័យស្រូវអង្ករទាំងមូល ដែលមានតម្លៃសម្រាប់ការវិនិយោគ និងការអនុវត្តនូវស្តង់ដារក្រមសីលធម៌ខ្ពស់បំផុត ក្នុងប្រតិបត្តិការរបស់យើងទាំងអស់គ្នា ជាមួយនឹងភាគីពាក់ព័ន្ធ ដើម្បីការពារគុណភាពអង្កររយៈពេលវែង កេរ្តិ៍ឈ្មោះ និងនិរន្តរភាពនៃការផ្គត់ផ្គង់អង្ករកម្ពុជា។
៣. គុណតម្លៃ
គុណតម្លៃទាំង៨របស់យើងតំណាងអោយតម្លៃនៃក្រមសីលធម៌និងគោលការណ៍នៃការងារដែលជំរុញនូវរាល់
សកម្មភាពរបស់សមាជិក បុគ្គលិក និងថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា។ តម្លៃនៃក្រមសីលធម៌និងគោល
ការណ៍នៃការងារទាំងនោះរួមមាន៖
៣.១ សុចរិតភាព
យើងនឹងមិននិយាយ ធ្វើ ឬប្រកាសអ្វីមួយដែលមិនមែនជាការពិតឬនាំអោយភ័ន្តច្រឡំ។ យើងជឿជាក់
ថាលទ្ធផលដ៏ ល្អចុងក្រោយមិនអាចស៊ីសងគ្នាជាមួយនឹងអំពើអាក្រក់ដែលយើងធ្វើដើម្បីសម្រេចលទ្ធ
ផលនោះទេ ហើយអំពើខុសឆ្គងពីរក៏មិនអាចបង្កើតបានជាអំពើល្អមួយដែរ។ យើងក៏ជឿជាក់ថាការ ព្រងើយ អំពីច្បាប់ពុំអាចប្រើដោះសារសំរាប់ការបំពានច្បាប់បានទេ។
៣.២ តម្លាភាព
យើងនឹងបង្ហាញនូវព័ត៌មានទៅសមាជិកនិងភាគីពាក់ព័ន្ធទាំងអស់ ក្នុងមូលដ្ឋានពេលវេលាពិត ប្រាកដ។
៣.៣ ការអនុវត្តជាក់ស្តែង
រាល់សកម្មភាពទាំងអស់នឹងត្រូវជំរុញទៅមុខដោយការពិចារណាដោយជាក់ស្តែង ហើយយើងនឹងចៀសវាងនូវវិធីសាស្ត្រដោះស្រាយដែលស្មុគស្មាញនិងប្រើពេលច្រើនទៅនឹងបញ្ហាណាមួយ។
៣.៤ ការផ្តោតលើលទ្ធផល
គ្រប់យុទ្ធសាស្ត្រ គោលនយោបាយ និងសកម្មភាពរបស់យើងនឹងផ្តោតដោយម៉ត់ចត់ទៅលើលទ្ធផល។
៣.៥ សាមគ្គីភាព
យើងនឹងរក្សានូវសាមគ្គីគ្នាក្នុងការសម្រេចអោយបាននូវគោលដៅរួមរបស់យើង និងចៀសវាងការទាស់
ទែងគ្នាតាមរយៈពាក្យសំដីនិងអំពើនានា។
៣.៦ ភាពលឿន
យើងនឹងមិនពន្យាពេលដែលធ្វើអោយយឺតយ៉ាវការសម្រេចចិត្តនានារបស់យើងទេ ដោយយកគោលការណ៍ពេលវេលាជាមាសប្រាក់។
៣.៧ ផលប៉ះពាលពីការវិនិយោគ
រាល់សកម្មភាពរបស់យើងទាំងអស់ត្រូវគោរពនូវការទទួលខុសត្រូវចំពោះសង្គមនិងបរិស្ថាន នៅក្នុងសង្វាក់ផលិតកម្មស្រូវអង្ករ។
៣.៨ អត្ថប្រយោជន៍ទៅសមាជិកនិងសហគមន៍
គ្រប់សកម្មភាពទាំងអស់នឹងត្រូវតែផ្តល់ប្រយោជន៍ទៅសមាជិកទាំងអស់និងសហគមន៍ដែលយើងធ្វើការជាមួយ។